​​
​រថយន្តធន់ធំ !! !! ងងុយដេករេ៉ចង្កូតប្រាសខ្លួនដេកក្នុងប្រឡាយទឹកស្អុយ!
ដោយ - Tue,10 September 2019 (Time 03:27 PM)

ភ្នំពេញ៖ រថយន្តកុងតៃន័រដឹកទំនិញមួយគ្រឿង អ្នកបើកបរងងុយដេក ងោកមួយភាំងរេ៉ចង្កូតធ្លាក់ផ្លូវ ប្រាសខ្លួនដេកក្រឡាប់ក្នុងប្រឡាយទឹកស្អុយ ផ្អើលអស់មច្ឆាក្នុងទឹក តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្បែរផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

រថយន្តជួបគ្រោះថ្នាក់ដោយខ្លួនឯងខាងលើ ម៉ាក FUSO ពណ៌ស គ្មានស្លាកលេខ ប្រភេទកុងតៃន័រ សណ្តោង រុឺម៉កដឹកទំនិញ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តខាងលើ បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុសង្ស័យ អ្នកបើកបរងងុយដេក ងោកមួយភាំងរេ៉ចង្កូត ធ្លាក់ចូលទៅក្នុងប្រឡាយ ប្រាសខ្លួនដេកត្រាំក្នុងទឹកស្អុយ តែមិនបង្កឲ្យអ្នកណារងរបួសឡើង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ មិនប៉ះពាល់ ដល់អ្នកដទៃ ទើបប្រគល់ឲ្យម្ចាស់ ក្រុមហ៊ុនស្ទូចលើក យករថយន្តចេញដោយខ្លួនឯង ៕