​​
​ស្ត្រីមេម៉ាយ និងក្មេងកំព្រា៤នាក់ដង្ហើយហៅឲ្យសប្បុរសជនជួយ
ដោយ - Mon,09 September 2019 (Time 08:27 PM)

ខេត្តមណ្ឌលគិរី៖ ស្រីមេម៉ាយត្រូវជា យាយក្មេងកំព្រា៤នាក់ រស់នៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា កំពុងតែដង្ហើយហៅរកសប្បុរសជន ជួយឧបត្ថម្ភគាំទ្រទៅលើការសិក្សារបស់ក្មេងប្រុសស្រីទាំងបួននាក់ពីព្រោះសព្វថ្ងៃនេះគាត់មានការខ្វះខាត ពុំមានលទ្ធភាពឲ្យក្មេងកំព្រាបានចូលសិក្សាគ្រប់គ្នា។

តាមការរៀបរាប់របស់ស្ត្រីមេម៉ាយម្នាក់ត្រូវជាយាយរបស់ក្មេងកំព្រា ក្រោយពីឪពុកម្ដាយរបស់គេត្រូវជាក្មួយរបស់គាត់ បានធ្វើអត្តឃាតស្លាប់ទាំងប្ដីប្រពន្ធដោយបំផ្ទុះគ្រាប់បែកកែច្នៃ បើគិតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ។

ហេតុការណ៍បំផ្ទុះគ្រាប់បែកកែច្នៃនោះបានកើតឡើងនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងអំឡុងឆ្នាំ២០១៨ ហើយស្ត្រីមេម៉ាយត្រូវជាយាយក៏បានយកកូនប្រុសស្រីជនរងគ្រោះមកចិញ្ចឹម តែដោយសារគាត់ជាស្រីមេម៉ាយពុំមានមុខរបរច្បាស់លាស់ ដូច្នេះហើយគាត់ពុំមានលទ្ធភាពឲ្យក្មេងប្រុសស្រីទាំង៤នាក់នេះបានចូលរៀនគ្រប់គ្នានោះទេ។

ដោយរកបានព្រឹកខ្វះល្ងាច សព្វថ្ងៃនេះគ្រួសារខាងលើ បានអ្នកជិតខាងជួយឧបត្ថម្ភជាសំលៀកបំពាក់ និងអង្ករ ហេតុតែមើលឃើញពីភាពខ្វះខាតរបស់យាយ និងចៅទាំង៤នាក់នេះ ក្នុងចំណោមក្មេងកំព្រាមានក្មេងប្រុសម្នាក់មានជំងឺប្រសៃប្រសាទទៀតផង។

ដោយឃើញពីភាពខ្វះខាតក្នុងជីវិតគ្រួសារ និងការសិក្សារបស់ក្មេងកំព្រាទាំង៤នាក់ ស្ត្រីមេម៉ាយត្រូវជាយាយ លើកដៃសំពះសុំដល់សប្បុរសជននានា ដែលមានក្តីមេត្តា សូមមេត្តាជួយឧបត្ថម្ភ ដើម្បីឲ្យក្មេងៗប្រុសស្រីទាំង ៤នាក់បានចូលរៀននៅសាលានឹងគេ៕ដោយ៖រមនា